គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ម្ហូបខ្មែរមានកិត្តិយសមានវត្តមាននៅលើទំព័រសារព័ត៌មានបារាំង le Monde

កាលបរិច្ឆេទ: ០៧ មីនា ២០២៣

លោក Stéphane Davet អ្នកកាសែតផ្នែកសិល្បៈចម្អិនម្ហូបប្រចាំសារព័ត៌មាន le Monde តាំងពីឆ្នាំ១៩៩១ បានចំណាយពេលជិតមួយសប្តាហ៍នៅប្រទេសកម្ពុជា​ កាលពីដើមខែកុម្ភៈ ដើម្បីស្វែងយល់ពីម្ហូបខ្មែរពីគ្រប់ជ្រុងជ្រោយ។ លោកនឹងចុះផ្សាយពីម្ហូបខ្មែរពេញមួយទំព័រតែម្តង លើទំព័រកាសែតប្រចាំថ្ងៃមួយនេះនៅក្នុងអំឡុងខែមីនានេះហើយ។

មានចំណេះដឹងច្រើនផ្នែកសិល្បៈនៃការចម្អិនម្ហូប មានទំនាក់ទំនងច្រើន មានចំណង់ចំណូលចិត្តចង់ចេះចង់ដឹងមិនចេះនឿយណាយ មានភាពសាមញ្ញ ចង់អង្គុយលើកៅអីទាបហូបចំណីនៅតាមផ្សារក៏បាន អង្គុយនៅពីមុខម្ហូបដ៏ប្រណីតៗក៏បាននោះ លោក Stéphane Davet បានស្វែងយល់យ៉ាងស៊ីជម្រៅពីបេតិកភណ្ឌម្ហូបខ្មែរ ហើយលោកក៏បានភ្លក់ម្ហូបដ៏មានឱជារសនេះផងដែរ និងមានការគោរពកោតស្ញប់ស្ញែងចំពោះសិល្បៈនៃការចម្អិនម្ហូបខ្មែរ។

ក្នុងឱកាសទទួលទានអាហារពេលព្រឹកចំនួនពីរលើក និងអាហារពេលល្ងាចចំនួនពីរលើកនៅភោជនីយដ្ឋានដ៏ល្បីដាច់គេនៅខេត្តសៀមរាប និងនៅទីក្រុងភ្នំពេញ អ្នកសារព័ត៌មានរូបនេះបានជួបមេចុងភៅល្បីៗ និងអ្នកជំនាញផ្នែកផលិតផលក្នុងស្រុក ក្នុងនោះក៏មានរូបលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ផងដែរ ដែលបានបរិយាយប្រាប់លោកអស់ពីអាថ៌កំបាំងនៃម្រេចកំពត៕